ដោយ តៃ សុវណ្ណារុណ Fri, 02/09/11
1.កែវភ្នែកមួយគូ ធម្មជាតិផ្គងផ្គូ ឱយមនុស្សស្មើគ្នា
ទុកជាសាក្សី លើសញាណនានា ស្មើទីប្រឹក្សា
នៃអង្គគំនិត។
2.ពេលធ្វើដំនើរ រកផ្លូវប្រសើរ គន់ទីឆ្ងាយជិត
ពឹងពាក់លើភ្នែក វែកញែកការណ៍ពិត ផ្លូវកាត់រេគិត
ត្រូវឈប់ឬទៅ។
3.បើភ្នែកមើលខុស ទោះគិតឡើងចុះ ក៏ដើរខុសផ្លូវ
គយគន់ឱយជាក់ ពេលងងឹតខ្មៅ ទោះភ្លឺច្រាលឆ្អៅ
ត្រូវប្រយត្នភ្នែក។
4.ពន្លឺភ្លឺខ្លាំង ខ្លាំងពេគស្រវាំង ពុំអាចក្រឡេក
រិតតែងងឹត រិតពិបាកញែក លុះភ្លឺមិនពេគ
ទើបភ្នែកយល់បាន។
5.ពេលវត្ថុច្រើន ខុសគ្នាកើតកើន លាយឡំរំខាន
ឬពេលវត្ថុ ដូចគ្នារូបប្រាណ ភ្នែកល្អអាចស្មាន
ឃើញភាពខុសគ្នា។
6.សំលឹងទីឆ្ងាយ បើហួសចម្ងាយ ភ្នែកឥតធានា
ជិតពេគឃើញព្រិល ភ្នែករែងខ្ជីខ្ជា ក្បែរឥតស្ទុះស្ទា
អាងជិតប្រមាទ។
7.រីភ្នែកកម្លៅ ស្មើសាក្សីខ្លៅ ជឿភ្នែកលើសខ្នាត
ឥតមានវិចារ យុទ្ធសាស្ត្រជាអាទិ ភ្នែកបែបនេះខាត
ចាត់ស្មើខ្វាក់ស្តែង។
8.រីធម៌អ្នកប្រាជ្ញ ពុំផ្តល់អំនាច ឱយភ្នែកតែឯង
ប្រើភ្នែកដទៃ ថែមភស្តុតាងស្តែង ផ្សំគិតថ្លឹងថ្លែង
លើសភ្នែកធម្មជាតិ៕
No comments:
Post a Comment