Thursday, July 14, 2011

ភ្លៀង

ភ្លៀងដែលចេញពីពពកតែមួយ

គ្រាប់ភ្លៀងមួយៗធ្លាក់ចុះស្មើគ្នា
រសាត់បណ្តើរទំលាក់ឥតរា

ហាក់ដូចផ្តន្ទាទាំងពួងមនុស្សា។
ដ្បិតធ្ងន់ដោយផ្សែងជាតិពុលអប្រិយ

ទំលាក់លើដីឱយស្បើយឱរា
ដល់ពេលត្រូវមនុស្សម្នាក់ៗខុសគ្នា

ខ្លះឈឺខ្លះជាដោយរៀងសុខភាព។
ខ្លះឈឺតែមានលុយកាក់ទិញថ្នាំ

ខ្លះឈឺរងកម្មដេកថ្ងូររាប់រៀប
ពពកតែមួយពុំមានរបៀប

បែងចែកប្រៀបធៀបអ្នកធ្វើអ្នករង៕
— S. TAY, 13:15-13:34, Mon, 27/06/11

ព្រះ​សង្ឃ​ខែ​​វស្សា

នាខែ​វស្សាភ្លៀង​ជោកជាំ                  ដី​ផុក​ភក់​ជ្រាំ​ពេញ​ដង​ផ្លូវ

អ្នក​ផង​ធ្វើ​ដំណើរ​មក​ទៅ                 រអ៊ូ​ង៉ូវៗ​ធុញ​ភក់​ជ្រាំ។

ព្រះ​សង្ឃ​មួយ​អង្គមន្ត​បិណ្ឌ​បាត្រ​      ជើង​ទទេ​ស្អាត​រឹង​មួន​មាំ

ជាន់​ភក់​គ្មាន​រអ៊ូរទាំ                         គ្រហស្ថ​ធុញ​ទ្រាំ​ផ្តល់​ចង្ហាន់។

ត្បិត​ភក់​មិន​ចង់​ឲ្យ​ប្រឡាក់               ស៊ូ​ជាប់​ស្មោះ​ស្មគ្រ​ចិត្ត​ប្រកាន់

ព្រះ​សង្ឃ​មន្ត​ចេញ​មនុស្ស​ណែន​ណាន់  ប្រៀប​ចន្រ្ទ​ពេញ​វង់​ក្នុង​ហ្វូង​ផ្កាយ៕

—S. TAY, Prob. 9:30-12:00, 19/03/11

ឈូកបី

បទុមជាតិតូចទាបនៅក្នុងបឹង

ដើមមាំរឹងប្រកបដោយបន្លា

ស្លឹកកំពាងស្រូបយកសែងសុរិយា

ថែមមានផ្កាពិដោរក្រអបសាយ។

នៅនាបឹងសព្វសត្វរស់មូលមីរ

ប្រឹងចិញ្ចឹមជីវីរាល់រាងកាយ

រស់តាមភព្យគ្រប់ខ្វះទុក្ខសប្បាយ

ហត់នឿយណាយគឺរស់ព្រោះជីវិត។

មានឈូកបីនិស្ស័យជាប់ខុសគ្នា

ទីមួយជាដើមឈូកភក់កប់ដិត

ពុំយល់ថ្ងៃសូរ្យសែងព្រះអាទិត្យ

យប់ងងឹតឥតដឹងឥតប្រួលប្រែ។

ទីពីរជាដើមឈូកត្រឹមផ្ទៃទឹក

ជាដើមឈូកនាំដឹកដោយភក់ដែរ

តែសង្ឃឹមយល់ថ្ងៃអាចបំបែរ

ស្គាល់ពន្លឺហូរហែពឹងវេលា។

ទីបីជាដើមឈូកលើផ្ទៃទឹក

អាចនាំដឹកខ្លួនឯងស្គាល់មាគ៌ា

យល់ពន្លឺសូរ្យសែងអភិវឌ្ឍជា

បទុមាកបកាយក្រអបឯង៕—S. TAY, 22:45-23:35, Sun, 12/07/11